Cha-Ching Money Smart Kids គឺជាកម្មវិធីចំណេះដឹងហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នកុមារដែលមានអាយុពី ៧ ដល់ ១២ ឆ្នាំ នូវចំណេះដឹង ឧបករណ៍ និងការអនុវត្តដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ដើម្បីឈានទៅសម្រេចគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ។
ត្រូវបានបង្កើតឡើងដោយមូលនិធិ Prudence រួមជាមួយ Cartoon Network Asia និងអ្នកជំនាញផ្នែកអប់រំកុមារ គឺលោកស្រីបណ្ឌិត Alice Wilder សាច់រឿងត្រូវបានសរសេរជុំវិញគោលគំនិតសំខាន់ៗទាំងបួននៃសាច់ប្រាក់គឺ៖ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ។ ជាទូទៅ កុមារភាគច្រើនឃើញតែការចំណាយប៉ុណ្ណោះ ប៉ុន្តែពួកគេក៏ត្រូវយល់ផងដែរថា ការរកចំណូល ការសន្សំ ការចំណាយ និងការបរិច្ចាគ គឺជាវដ្តនៃសាច់ប្រាក់ ហើយវាគឺជាជម្រើសដែលត្រូវធ្វើជារៀងរាល់ថ្ងៃក្នុងមួយជីវិត។
យើងជឿជាក់ថា ចំណេះដឹងហិរញ្ញវត្ថុគឺជាជំនាញជីវិតដ៏សំខាន់មួយដែលចាំបាច់ត្រូវបណ្តុះបណ្តាលតាំងពីក្មេង និងបង្រៀនតាមរបៀបដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ ជាលទ្ធផល មូលនិធិ Prudence បានចាប់ដៃគូជាមួយ JA Asia Pacific ដើម្បីបង្កើតកម្មវិធីសិក្សា Cha-Ching ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមក្នុងការកសាងមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចសកលនាពេលអនាគត។ កិច្ចសហការនេះមានគោលបំណងផ្តល់នូវសមាសភាគសំខាន់ៗសម្រាប់កម្មវិធីសិក្សានៅក្នុងសាលារៀន ដើម្បីគាំទ្រដល់សាលារៀន និងគ្រូបង្រៀនក្នុងការបណ្តុះបណ្តាលគោលគំនិតគ្រប់គ្រងសាច់ប្រាក់ទាំងបួនគឺ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សិស្ស។
កម្មវិធីសិក្សា Cha-Ching នាំយកការអប់រំចំណេះដឹងហិរញ្ញវត្ថុដ៏ល្អបំផុតចូលទៅក្នុងសាលារៀន ដើម្បីធានាថាគ្រូបង្រៀន និងសិស្សានុសិស្សត្រូវបានបំពាក់ដោយជំនាញចាំបាច់ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់ពួកគេ។ គ្រូបង្រៀនត្រូវបានបណ្តុះបណ្តាលដើម្បីផ្ដល់កម្មវិធីសិក្សា និងបង្រៀនសិស្សនូវគោលគំនិតសំខាន់ៗនៃ ការរកចំណូល, ការសន្សំ, ការចំណាយ និងការបរិច្ចាគ។
ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់យើង ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់គ្រូបង្រៀនក្នុងការផ្ដល់កម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ក៏ដូចជាជំរុញឱ្យមានឧត្តមភាព និងការទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងអ្នកអប់រំ កម្មវិធីទទួលស្គាល់គុណវុឌ្ឍិហិរញ្ញវត្ថុ Cha-Ching (Cha-Ching Financial Accreditation – CCFA) ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមានការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដល់ការអភិវឌ្ឍវិជ្ជាជីវៈ លើកទឹកចិត្តដល់ឧត្តមភាព ក៏ដូចជាទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងអ្នកអប់រំ។
តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅ CCFA ត្រូវបានបង្កើតឡើងដោយផ្អែកលើក្របខ័ណ្ឌអប់រំសំខាន់ៗ និងដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំនួនពីរ៖
-
ក្របខ័ណ្ឌសមត្ថភាពស្នូលរបស់ OECD ស្តីពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន
ដែលក្នុងនោះគោលគំនិតសំខាន់ៗនៃសាច់ប្រាក់គឺ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ
ត្រូវបានរៀបចំឡើងឱ្យស្របទៅតាមក្របខ័ណ្ឌនេះ ហើយ
- ក្របខ័ណ្ឌសមត្ថភាពគ្រូបង្រៀនអាស៊ាន
ដែលផ្តល់នូវចក្ខុវិស័យក្នុងការលើកកម្ពស់បទពិសោធន៍សិក្សារបស្សសិស្ស ក៏ដូចជាការជំរុញទឹកចិត្តដល់គ្រូបង្រៀន
និងអ្នកអប់រំក្នុងការគាំទ្រដល់ចំណេះដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។
គ្រូបង្រៀនដែលទទួលបានវិញ្ញាបនបត្រ CCFA គ្រូបង្គោល និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ី CCFA នឹងមានឱកាសទទួលបានការទទួលស្គាល់កាន់តែប្រសើរឡើង និងសិក្សាពីអ្នកជំនាញដែលមានទស្សនៈវិស័យដូចគ្នាផ្សេងទៀតនៅក្នុងសន្និសីទ CCFA ប្រចាំតំបន់។
យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាផ្នែកមួយនៃសហគមន៍ CCFA ដើម្បីជួយលើកកម្ពស់សមត្ថភាពចំណេះដឹងហិរញ្ញវត្ថុ ទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងជំរុញឱ្យមានឧត្តមភាពនៅទូទាំងប្រព័ន្ធអេកូឡូស៊ីអប់រំ។